នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ក្រុមហ៊ុន ខេ ស៊ីមេន បានឧបត្ថម្ភអំណោយជូនសាលាបច្ចេកទេស ដុនបូស្កូ ខេត្តកែប ដោយបង្ហាញពីការយកចិត្តទុកដាក់ ដែលពួកសិតសឹងតែជាអតីសិស្សចាស់ ដើម្បីជួយដល់សិស្ស កុមារកំព្រា និងកុមារដែលជួបការលំបាក ឲ្យពួកគេមានអាហាររូបត្ថម្ភគ្រប់គ្រាន់ក្នុងការលូតលាស់ និងសិក្សា ដើម្បីក្លាយជាកម្លាំងសង្គមដ៏មានសក្តានុពលនាពេលអនាគត។
ក្នុងការឧបត្ថម្ភនោះ ក៏មានការចូលរួមពីសំណាក់ក្រុមហ៊ុន ខេ ស៊ីមេន លោកពុក លី សំណាង ជាអធិការសាលា លោកពុក គង់សុមុនី សាឡេស៊ានបូជាចារ្យថ្មី លោកគ្រូ សេន រ៉ា ជានាយកសាលា បងប្រុស បងស្រី លោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សនិស្សិតទាំងអស់ផងដែរ។ ការឧបត្ថម្ភនេះផងដែរមានដូចជា អង្ករ និង ថវិកាមួយចំនួន ដែលបានផ្ដល់ជូនសាលា ដើម្បីប្រើប្រាស់ក្នុងការរៀបចំអាហារបំប៉នដល់សិស្ស និងក្មេងៗដែលកំពុងស្នាក់នៅក្នុងសាលា។
ការផ្ដល់អោយនេះបានជួយសម្រួលដល់បន្ទុកមួយនៅក្នុងសាលា ដែលកំពុងជួបការខ្វះខាត និងត្រូវការជំនួយដើម្បីជួយដល់ក្មេងៗកំព្រាឪពុកម្ដាយដែលរស់នៅទីនេះ អោយពួកគេទទួលបានអាហារហូបឆ្ងាញ់ មានកម្លាំងមាំមួនក្នុងការសិក្សារៀនសូត្រ ដើម្បីគ្រេបយកចំណេះវិជ្ជាយកមកប្រើប្រាស់សម្រាប់ខ្លួនឯង គ្រួសារ និងសង្គមជាតិផងដែរ។
គួរបញ្ជាក់ទៀតថាក្រុមហ៊ុន ដែលបានមកឧបត្ថម្ភអំណោយនេះសិតសឹងតែជាសិស្សចាស់ហើយថ្ងៃនេះក៏ជាថ្ងៃខួបកំណើតរបស់ក្រុមហ៊ុន ខេ ស៊ីមេន ផងដែរ។ សាលាបច្ចេកទេស ដុនបូស្កូ ខេត្តកែប សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ពីទឹកចិត្តរបស់ក្រុមហ៊ុន ខេ ស៊ីមេន ដែលបានចូលរួមផ្ដល់ជាឧបត្ថម្ភមនុស្សធម៌មកកាន់ទីនេះ៕
——




