ខេត្តកែប ប្រទេសកម្ពុជា _ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ លោក អ៊ឹម បញ្ញារិទ្ធិ អភិបាលរងខេត្តកែប បានអញ្ជើញមកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនដល់សាលាបច្ចេកទេសដុនបូស្កូខេត្តកែប ដើម្បីគាំទ្រ និងលើកទឹកចិត្តដល់សិស្សានុសិស្សដែលកំពុងសិក្សារៀនសូត្រនៅក្នុងសាលា។
ក្នុងឱកាសនោះ លោកអភិបាលរងខេត្តបានជួបសំណេះសំណាលជាមួយសិស្សានុសិស្ស និងបានផ្តល់អនុសាសន៍ល្អៗជាច្រើន ដោយជំរុញឱ្យសិស្សនិស្សិតខិតខំសិក្សារៀនសូត្រ អភិវឌ្ឍជំនាញវិជ្ជាជីវៈ និងហ៊ានចេញទៅបំពេញការងារ ឬហាត់ការនៅតាមស្ថាប័ននានា ដើម្បីទទួលបានបទពិសោធន៍ជាក់ស្តែង សម្រាប់ត្រៀមខ្លួនក្លាយជាធនធានមនុស្សប្រកបដោយសមត្ថភាពក្នុងពេលអនាគត។
ជាមួយគ្នានេះផងដែរ លោក អ៊ឹម បញ្ញារិទ្ធិ បានឧបត្ថម្ភអំណោយជូនសាលាបច្ចេកទេសដុនបូស្កូខេត្តកែប រួមមាន អង្ករ ១ តោន ទឹកត្រី ៣០ យួរ និងទឹកស៊ីអ៊ីវ ៧០ យួរ។ អំណោយទាំងនេះបានបង្ហាញពីការយកចិត្តទុកដាក់ និងការគាំទ្ររបស់រដ្ឋបាលខេត្តកែបចំពោះវិស័យអប់រំ និងការអភិវឌ្ឍយុវជននៅក្នុងខេត្ត។
ជាចុកក្រោយថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់នៃសាលាបច្ចេកទេសដុនបូស្កូខេត្តកែប សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក អ៊ឹម បញ្ញារិទ្ធិ អភិបាលរងខេត្តកែប ដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញមកសួរសុខទុក្ខ ព្រមទាំងផ្តល់អំណោយដ៏សប្បុរសនេះ ដែលជាកម្លាំងចិត្តដ៏សំខាន់សម្រាប់សាលាក្នុងការបន្តបេសកកម្មអប់រំ និងបណ្តុះបណ្តាលយុវជនឱ្យក្លាយជាពលរដ្ឋល្អសម្រាប់សង្គម។













