ខេត្តកែប ប្រទេសកម្ពុជា _ នាល្ងាចថ្ងៃអង្គារ ១០កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ដោយមានការដឹកនាំដោយ លោកពុក លី សំណាង ជាអធិការសាលា លោកគ្រូអ្នកគ្រូ ព្រមទាំងសិស្សានុសិស្សបានធ្វើការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះលោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ដែលបានចំណាយពេលវេលាដ៏មានតម្លៃមកទស្សនកិច្ចនៅសាលាបច្ចេកទេសដុនបូស្កូ ខេត្តកែប។
នៅក្នុងដំណើរទស្សនកិច្ចនេះដែរមានការរួមអមដំណើរដោយ លោកជំទាវ អ៊ុល ភីរុណ អភិបាលរងខេត្ត លោកស្រី គឹម ចន្នី លោកស្រី អ៊ូ សុគន្ធី ប្រធានមន្ទីរកិច្ចការនារី ប្រធានពន្ធដារ ប្រធានថាមពលអគ្គិសនី និងរ៉ែ ព្រមទាំងក្រុមការងារដែលពាក់ព័ន្ធប្រមាណ១៥នាក់។ ដំណើរទស្សនកិច្ចនេះធ្វើឡើងក្នុងគោលបំណងស្វែងយល់ពីវឌ្ឍនភាពនៃការបណ្តុះបណ្តាលវិជ្ជាជីវៈ និងលើកទឹកចិត្តដល់យុវជន ពិសេសគឺសិស្សានុសិស្សជានារី ឱ្យខិតខំក្រេបជញ្ជក់ចំណេះដឹងដើម្បីកសាងអនាគតដ៏ភ្លឺស្វាង។ មិនតែប៉ុណ្ណោះ លោកជំទាវរួមទាំងក្រុមការងារក៏បានឧបត្ថម្ភអង្កមួយចំនួនមកកាន់សាលាបច្ចេកទេស ដុនបូស្កូ ខេត្តកែប ផងដែរ។
សាលាបច្ចេកទេស ដុនបូស្កូ ខេត្តកែប បានធ្វើការថ្លែងអំណរអរគុណ យ៉ាងជ្រាលជ្រៅចំពោះលោកជំទាវ និងក្រុមការងារ ដែលតែងតែចំណាយពេលវេលាដ៏មានតម្លៃជួបសំណេះសំណាល និងចែករំលែកបទពិសោធន៍ ក្នុងនោះដែរក៏មានការកោតសរសើរដល់គណៈគ្រប់គ្រង លោកគ្រូអ្នកគ្រូ នៃសាលាបច្ចេកទេស ដុនបូស្កូ ដែលបានខិតខំផ្តល់ឱកាស និងបណ្តុះបណ្តាលជំនាញពិតប្រាកដដល់យុវជនមកពីគ្រួសារខ្វះខាតទៀតផង៕






