ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ “TVETផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល”

ខេត្តកែប ប្រទេសកម្ពុជា​ _ នាថ្ងៃចន្ទ ១កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ និស្សិត លោកគ្រូអ្នកគ្រូនៃសាលាបច្ចេកទេសដុន បូស្កូ​ខេត្តកែប បានចូលរួមក្នុងកម្មវិធីទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ “TVETផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល” ក្រោមអធិបតីភាពរបស់លោក សុខ​ រស់ អភិបាលរង នៃគណៈអភិបាលខេត្តកែប តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប។

ក្នុងកម្មវិធីនេះមានគោលបំណងឲ្យសិស្សានុសិស្ស និងអ្នកចូលរួមទាំងអស់ស្វែងយល់អំពីសារៈសំខាន់នៃការអប់រំបច្ចេកទេស និងវិជ្ជាជីវៈដើម្បីទទួលបានព័ត៌មានអំពីការសិក្សា ការបណ្តុះបណ្តាល និងឱកាសការងារនាពេលអនាគត ដែលជាគន្លឹះដ៏សំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្ស និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។

លោក សុខ​ រស់ អភិបាលរងនៃគណៈអភិបាលខេត្តកែបបានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានខិតខំប្រឹងប្រែងអនុវត្តការងារអាទិភាពរបស់ រាជរដ្ឋាភិបាលប្រកបដោយឆន្ទៈមោះមុត ព្រមទាំងសូមកោតសរសើរដល់ក្រសួង ស្ថាប័ន រដ្ឋបាល រាជធានី ខេត្ត សហគ្រាស គ្រឹះស្ថាន គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈសាធារណៈ ឯកជន អង្គការ សមាគម និងដៃគូអភិវឌ្ឍ ជាពិសេសវិស័យឯកជន ដែលបានផ្តល់កិច្ចសហការគាំទ្រ និងចូលរួមក្នុងការជំរុញឱ្យមាន ការប្រារព្ធទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈនេះ ទាំងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត ហើយខ្ញុំក៏សូមយកឱកាសនេះ អំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ៖

១. ចូលរួមផ្សព្វផ្សាយ ជំរុញលើកទឹកចិត្តដល់សិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាល កម្មករ និយោជិត និយោជក និងផ្នែកឯកជន ព្រមទាំងសាធារណជនទូទៅ ឱ្យបានយល់ដឹងកាន់តែច្បាស់ និងទូលំទូលាយ អំពីសារៈសំខាន់នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ។

២. គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធនានា រដ្ឋបាលថ្នាក់ក្រោមជាតិ អាជ្ញាធរដែនដី ចូលរួមសហការគាំទ្រ និងផ្សព្វផ្សាយជំរុញកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេស ដល់យុវជនមកពីគ្រួសារ ក្រីក្រនិងគ្រួសារងាយរងហានិភ័យ ចំនួន១,៥លាននាក់។

៣. គ្រប់គ្រឹះស្ថានអប់រំទាំងអស់ ជំរុញបង្កើនសមត្ថភាពបច្ចេកទេស កសាងនិងកែលម្អហេដ្ឋារចនាសម្ព័ន្ធ រូបវន្តរបស់គ្រឹះស្ថានសិក្សា បំពាក់ឧបករណ៍ បរិក្ខារ និងសម្ភារបណ្តុះបណ្តាល។

៤. ដៃគូអភិវឌ្ឍ និងវិស័យឯកជន បន្តជួយគាំទ្រ ដោយពង្រឹងភាពជាដៃគូរវាងរដ្ឋនិងឯកជន និង កៀរគរធនធានពីគ្រប់ភាគីពាក់ព័ន្ធ ឱ្យចូលរួមក្នុងការអភិវឌ្ឍ និងធានានិរន្តរភាពនៃប្រព័ន្ធអប់រំ បណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ និងផ្តល់ឱកាសដល់សិស្សាកាម សិស្ស និស្សិត បានហាត់ការ និងចុះកម្មសិក្សាមុននឹងឈានចូលទីផ្សារការងារ។

៥. សហគ្រាស ក្រុមហ៊ុន រោងចក្រទាំងអស់ ចូលរួមគាំទ្រ និងសហការជាមួយក្រសួងការងារនិង បណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការផ្តល់ឱកាសដល់កម្មករនិយោជិត បានទទួលការបណ្តុះបណ្តាល ផ្លាស់ប្តូរជំនាញ និងបង្កើនជំនាញ និងផលិតភាពការងារ។

៦. យុវជន សាធារណជន ជាពិសេសបងប្អូនប្រជាពលរដ្ឋ និងអតីតពលករដែលត្រឡប់មកពីប្រទេសថៃ អាចស្វែងរកសិក្សាជំនាញបច្ចេកទេសនិងវិជ្ជាជីវៈ ការធ្វើតេស្តវាយតម្លៃទទួលស្គាល់ជំនាញពីមុន និងឱកាសការងារ ដោយទំនាក់ទំនងមកក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈប្រព័ន្ធ ឆ្លើយតបបន្ទាន់លេខ ១២៩៧។

៧. មាតាបិតា អាណាព្យាបាល និងអ្នកពាក់ព័ន្ធនានា ជំរុញកូនចៅឬយុវជន ឱ្យមកចុះឈ្មោះចូលរៀន ក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រនិងគ្រួសារ ងាយរងហានិភ័យ ចំនួន ១,៥លាននាក់ នៅតាមគ្រឹះស្ថានឌីជីថល ដែលនៅជិតលំនៅឋានកំពុងរស់នៅ ដើម្បីចាប់យកជំនាញវិជ្ជាជីវៈ សម្រាប់អនាគតរបស់ពួកគេ »។

ការចូលរួមរបស់សិស្សានុសិស្សក្នុងកម្មវិធីនេះ មិនត្រឹមតែបង្កើនការយល់ដឹងអំពីការអប់រំបច្ចេកទេស និងវិជ្ជាជីវៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយលើកទឹកចិត្តឱ្យពួកគេហ៊ានជ្រើសរើសជំនាញដែលសមស្របនឹងសមត្ថភាព និងចំណង់ចំណូលចិត្តរបស់ខ្លួន ដើម្បីកសាងអាជីពប្រកបដោយស្ថិរភាព និងមានប្រាក់ចំណូលល្អនាពេលអនាគត។

it_make

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts