ខេត្តកែប ប្រទេសកម្ពុជា _ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ សាលាបច្ចេកទេសដុនបូស្កូ ខេត្តកែប បានរៀបចំកម្មវិធីប្រគល់កូនឈើចំនួន ៥,០០០ ដើម ជូនដល់សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ ដើម្បីយកទៅដាំនៅតាមគេហដ្ឋាន និងសហគមន៍។ និងមានការចូលរួមពីសំណាក់លោកឪពុក លី សំណាង ជាអធិការសាលា លោកគ្រូអ្នកគ្រូ និងសិស្សនិស្សិតទាំងអស់នៃសាលាបច្ចេកទេសដុនបូស្កូ ខេត្តកែប។
តាមរយៈកម្មវិធីនេះ អ្នករៀបចំបានលើកឡើងពីសារៈសំខាន់នៃការដាំដើមឈើ ព្រោះដើមឈើជួយផ្តល់ម្លប់ ស្រូបយកឧស្ម័នកាបូនឌីអុកស៊ីត ជួយរក្សាគុណភាពខ្យល់ ការពារដី និងជួយរក្សាប្រព័ន្ធអេកូឡូស៊ី។ ការដាំដើមឈើក៏ជាមធ្យោបាយមួយក្នុងការចូលរួមទប់ស្កាត់ផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុផងដែរ។
កម្មវិធីនេះមានគោលបំណងលើកកម្ពស់ការយល់ដឹងអំពីការអភិរក្សបរិស្ថាន បង្កើនគម្របព្រៃឈើ និងជំរុញការចូលរួមរបស់យុវជនក្នុងការថែរក្សាធនធានធម្មជាតិ។ កូនឈើត្រូវបានផ្តល់ជូនដោយសាលា និងមានការគាំទ្រពីក្រសួងបរិស្ថាន ដែលជាផ្នែកមួយនៃការជំរុញការអភិវឌ្ឍបៃតង និងការការពារបរិស្ថាន។
ដើមឈើមួយដើមដែលយើងដាំថ្ងៃនេះ គឺជាអំណោយដ៏មានតម្លៃសម្រាប់មនុស្សជំនាន់ក្រោយ។




