ខេត្តកែប ប្រទេសកម្ពុជា_ ក្រោមការបង្កើតឡើងកម្មវិធីសង្ក្រាន របស់សាលាបច្ចេកទេសដុនបូស្កូខេត្តកែប ដែលមានវត្តមាន លោកពុក លី សំណាង និង លោកនាយកសាលា លោកគ្រូ សេន រ៉ា បានបង្ហាញនូវចំណាប់អារម្មណ៍យ៉ាងសប្បាយរីករាយ ព្រមទាំងបានជូនពរ លោកគ្រូ អ្នកគ្រូ សិស្សនិស្សិត នៅសាលាបច្ចេកទេសដុនបូស្កូខេត្តកែប ក្នុងថ្ងៃចូលឆ្នាំខ្មែរខាងមុខនេះអោយ មានសេចក្តីសុខ អោយជួបតែសំណាងល្អ និង មានសុខសុវត្ថិភាពទាំងអស់គ្នា។
ក្នុងស្មារតីលើកកម្ពស់វប្បធម៌ និងពង្រឹងសាមគ្គីភាពក្នុងមជ្ឈដ្ឋានសិក្សា សាលាបច្ចេកទេសដុនបូស្កូ ខេត្តកែប បានរៀបចំកម្មវិធី សង្គ្រាន្តដុនបូស្កូ ដែលបានប្រព្រឹត្តិទៅនៅ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦ នៅក្នុងបរិវេណសាលាផ្ទាល់។
ព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះ នឹងមានការចូលរួមយ៉ាងកុះករពីសំណាក់គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ បុគ្គលិក និងសិស្សានុសិស្សគ្រប់ផ្នែកទាំងអស់។ គោលបំណងសំខាន់នៃការបង្កើតកម្មវិធីនេះឡើង គឺដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលជាបុណ្យជាតិដ៏ធំបំផុតប្រចាំឆ្នាំ ព្រមទាំងដើម្បីផ្តល់ឱកាសឱ្យសមាជិកនៃគ្រួសារដុនបូស្កូទាំងអស់ បានបង្កើតនូវភាពស្និទ្ធស្នាល និងស្វែងយល់កាន់តែច្បាស់ពីតម្លៃនៃប្រពៃណីទំនៀមទម្លាប់ខ្មែរ។ នៅក្នុងកម្មវិធី សង្គ្រាន្តដុនបូស្កូ នេះដែរ នឹងមានសកម្មភាពប្លែកៗ និងសម្បូរបែបដូចជា ការលេងល្បែងប្រជាប្រិយខ្មែរ ការលេងបោះអង្គញ់ ចោលឈូង ទាញព្រ័ត្រ លាក់កន្សែង និងល្បែងផ្សេងៗទៀត។ ម្យ៉ាងវិញទៀតក៏មានការរៀបចំនូវ ការរាំលេងកម្សាន្តដូចជា រាំវង់ រាំក្បាច់ សារ៉ាវាន់ និងការបង្ហាញវប្បធម៌ ការតុបតែងលម្អបរិវេណសាលាជារចនាប័ទ្មសង្គ្រាន្ត ការសម្តែងសិល្បៈពីសំណាក់សិស្សានុសិស្សដើម្បីបង្កបរិយាកាសសប្បាយរីករាយ តាមបែបប្រពៃណីជាតិខ្មែរ។
គួរបញ្ជាក់ផងដែរថា ការរៀបចំនេះត្រូវបានធ្វើឡើងយ៉ាងសម្រិតសម្រាំង ដោយមានការរៀបចំតុបតែងលម្អតាមបែបបុរាណ ដើម្បីបង្កើននូវសោភ័ណភាព និងបរិយាកាសឱ្យកាន់តែដូចទៅនឹងសង្គ្រាន្តពិតៗ។ កម្មវិធីសង្ក្រាន្តចូលឆ្នាំថ្មី គឺជាពិធីបុណ្យប្រពៃណីសំខាន់របស់ខ្មែរ ប្រារព្ធនៅខែមេសា រយៈពេល៣ថ្ងៃ ដើម្បីអបអរសាទរឆ្នាំថ្មី។ ក្នុងឱកាសនេះ ប្រជាជនធ្វើពិធីសាសនា ទៅវត្ត បួងសួង និងលាងព្រះពុទ្ធរូប ដើម្បីសុំសេចក្តីសុខសាន្ត។ ក៏មានល្បែងប្រពៃណី និងសកម្មភាពសប្បាយៗជាច្រើន។ សង្ក្រាន្តជាពេលវេលាសម្រាប់គ្រួសារជួបជុំ និងរក្សាប្រពៃណីវប្បធម៌ខ្មែរ។





