ខេត្តកែប ប្រទេសកម្ពុជា _ នារដូវកាលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលជិតឈានចូលមកដល់ គណៈគ្រប់គ្រង លោកគ្រូអ្នកគ្រូ រួមជាមួយសិស្សានុសិស្សនៃសាលាបច្ចេកទេសដុនបូស្កូខេត្តកែប បានរួមគ្នាត្រៀមរៀបចំកម្មវិធី បុណ្យអកត្តញ្ញូ យ៉ាងមហោឡារិក ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ នៅក្នុងបរិវេណសាលាផ្ទាល់តែម្តង។
ព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងចម្បង ដើម្បីផ្តល់ឱកាសដល់សិស្សានុសិស្សទាំងអស់ បានសម្តែងនូវសេចក្តីដឹងគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកមានគុណ ដ៏ខ្ពង់ខ្ពស់របស់ មាតាបិតា លោកគ្រូអ្នកគ្រូ ក៏ដូចជាសប្បុរសជននានា ដែលតែងតែជួយជ្រោមជ្រែង និងផ្តល់ការអប់រំយ៉ាងយកចិត្តទុកដាក់ដល់យុវជនជំនាន់ក្រោយ។ ម្យ៉ាងវិញទៀតសាលាក៏បានរៀបចំសកម្មភាពសំខាន់ៗក្នុងកម្មវិធី រួមមាន ការរៀបចំពិធីគោរពដឹងគុណតាមបែបបទខ្មែរ ដែលមានការអញ្ជើញចូលរួមយ៉ាងកុះករពីសំណាក់អាណាព្យាបាលសិស្ស ការសម្តែងសិល្បៈ សិស្សានុសិស្សមកពីផ្នែកជំនាញផ្សេងៗ នឹងបង្ហាញនូវសមត្ថភាព និងទេពកោសល្យតាមរយៈការសម្ដែងសិល្បៈ និងការកម្សាន្តផ្សេងៗ ព្រមទាំងការជួបជុំសប្បាយរីករាយ បង្កើតនូវបរិយាកាសស្និទ្ធស្នាល សាមគ្គីភាពរវាងគ្រួសារ សាលារៀន និងសហគមន៍។
កម្មវិធី បុណ្យអកត្តញ្ញូ មិនត្រឹមតែជាការជួបជុំគ្នាប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការបណ្តុះស្មារតី និងគុណធម៌ដល់សិស្សានុសិស្ស ឱ្យចេះផ្តល់តម្លៃដល់អ្នកដែលមានគុណ និងយល់ដឹងកាន់តែច្បាស់ពីវប្បធម៌នៃការចែករំលែកនៅក្នុងសង្គមផងដែរ៕





