
ខេត្តកែប ប្រទេសកម្ពុជា – នៅថ្ងៃទី ៨ ខែមករា ឆ្នាំ២០២៦ សាលាបច្ចេកទេសដុនបូស្កូ ខេត្តកែប បានរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាបាល់បោះបុរស រវាងក្រុមពណ៌ខៀវ និងក្រុមពណ៌ស៊ីជម្ពូ ដើម្បីអបអរសាទរពិធីបុណ្យកីឡាពណ៌ប្រចាំសាលា។
ក្នុងការប្រកួតនេះ ក្រុមនីមួយៗ មានវត្តមានលោកគ្រូចូលរួមប្រកួតជាសមាជិកក្រុមផងដែរ ដោយបង្ហាញពីកម្លាំងមាំមួន ភាពស្វាហាប់ និងភាពរហ័សរហួន ក្នុងនាមជាកីឡាករបាល់បោះ ដើម្បីដណ្តើមយកជ័យជម្នះជូនក្រុមរបស់ខ្លួន។
ជាក់ស្តែង ការប្រកួតកីឡាបាល់បោះនេះទទួលបានការចូលរួមទស្សនាពីសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូយ៉ាងកុះករ ដែលធ្វើឲ្យបរិយាកាសកម្មវិធីពោរពេញទៅដោយភាពសប្បាយរីករាយ និងអ៊ូអរ។
ម្យ៉ាងវិញទៀត ការប្រកួតមានភាពស្វិតស្វាញយ៉ាងខ្លាំង ព្រោះកីឡាករនីមួយៗបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីដណ្តើមយកភាពជោគជ័យជូនដល់ក្រុមរបស់ខ្លួន៕
