នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ សិស្សានុសិស្ស និស្សិត លោកគ្រូ អ្នកគ្រូ និងភ្ញៀវកិត្តិយសជាច្រើន បានចូលរួមក្នុងព្រឹត្តិការណ៍អបអរសាទរទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៨ ក្រោមប្រធានបទ «ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន»។ ដែលប្រារព្ធឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប។
ព្រឹត្តិការណ៍នេះមានគោលបំណងជំរុញការយល់ដឹង និងការចូលរួមរបស់សហគមន៍ក្នុងការគាំទ្រការអប់រំបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ដែលជាគន្លងសំខាន់មួយដល់ការងារ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ កម្មវិធីក្នុងនោះរួមមាន ការបង្ហាញសមត្ថភាពរបស់និស្សិត ការតាំងពិព័រណ៍ស្នាដៃ និងផលិតផលបច្ចេកទេសនានា។
លោកឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ បានថ្លែងថា៖ ការអប់រំបច្ចេកទេសនិងវិជ្ជាជីវៈ គឺជាគ្រឹះសម្រាប់បង្កើតកម្លាំងកម្មករដែលមានជំនាញ និងត្រៀមខ្លួនចូលទីផ្សារការងារ។ វាមិនត្រឹមតែជួយកាត់បន្ថយអត្រាអកម្មការងារ ប៉ុន្តែថែមទាំងជាជំរើសសំខាន់មួយសម្រាប់យុវជនក្នុងការរកស៊ីផ្ទាល់ខ្លួន និងចូលរួមបង្កើនផលិតភាពសេដ្ឋកិច្ចជាតិ។ ខេត្តកែបតែងតែគាំទ្រនិងលើកកម្ពស់វិស័យនេះជាប្រចាំ ដោយរួមដៃជាមួយស្ថាប័នអប់រំ និងដៃគូអភិវឌ្ឍន៍ ដើម្បីធានាថា យុវជនមានឱកាសចូលរួមក្នុងការអភិវឌ្ឍខ្លួនឯង និងសង្គមជាអ្នកដឹកនាំជំនាន់ក្រោយ។”
គួបញ្ជាក់ផងដែរថា ការរៀបចំទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៨ ប្រចាំឆ្នាំ ២០២៥ គឺជាព្រឹត្តិការណ៍សំខាន់មួយសម្រាប់បង្ហាញពីតម្លៃនៃការអប់រំផ្នែកបច្ចេកទេស និងវិជ្ជាជីវៈដែលជាគន្លងសំខាន់មួយដល់ការងារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយចីរភាព។
ទិវានេះគឺជាពេលវេលាមួយសម្រាប់ជំរុញការយល់ដឹងរបស់សង្គម ឱ្យឃើញនូវតម្លៃនៃការអប់រំបច្ចេកទេស និងជាឱកាសសម្រាប់ស្ថាប័នអប់រំ ដូចជាវិទ្យាស្ថានបច្ចេកទេស និងសាលាដុនបូស្កូ ជាដើម ដែលបានបង្ហាញសមត្ថភាព និងស្នាដៃរបស់និស្សិត។







